ភ្នំពេញ : ថ្ងៃទី៣១ ខែធ្នូ ឆ្នា២០២១ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំខែ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក (World Bank)។ កិច្ចប្រជុំនេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសាធារណការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងទទួលបន្ទុក មន្ត្រីជំនាញ ក្រុមការងារបច្ចេកទេស ទីប្រឹក្សាគម្រោង និងភាគីពាក់ព័ន្ធផងដែរ។
ឯកឧត្តម កឹម បូរី បានគូសបញ្ជាក់អំពីការបង្វែរទិសដៅនៃគម្រោងនៅបណ្តាញខ្សែផ្លូវមួយចំនួន ស្ថិតក្នុងគម្រោងសាងសង់ផ្លូវ៣៨ខ្សែ ដោយសារការយកចិត្តទុកដាក់គិតគូរ និងទឹកចិត្តដ៏ថ្លៃថ្លាពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះរបស់ប្រជាពលរដ្ឋមកកាន់ប្រព័ន្ធលូមេដោយឥតគិតថ្លៃ។
ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សាលម្អិតទៅលើវឌ្ឍនភាពការងារស៊ីវិល (MPWT-CWs) ការងារទីប្រឹក្សាជាលក្ខណៈ បុគ្គល និងការងារទីប្រឹក្សាជាលក្ខណៈក្រុមហ៊ុន (MPWT-CSs) ការផ្គត់ផ្គង់សម្ភារ ឧបករណ៍បម្រើឱ្យគម្រោង (MPWT-Gs)។ ចំពោះកញ្ចប់គម្រោងកែលម្អស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ហៅកាត់ថា MPWT-CW4 និងកញ្ចប់ការងារទីប្រឹក្សាគម្រោងហៅកាត់ថា MPWT-CS5 លើការរៀបចំគោលនយោបាយជាយុទ្ធសាស្ត្រ ដើម្បីកំណត់តម្លៃទឹកកខ្វក់បញ្ចូលគ្នាជាមួយនឹងវិក្កយបត្រទឹកស្អាត ទទួលបានគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំក្រសួងរួចហើយ និងកំពុងតែអនុវត្តកិច្ចសន្យា។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានពិភាក្សាលើកញ្ចប់ការងារមួយចំនួនផ្សេងទៀតទាក់ទងនឹងការជ្រើសរើសក្រុមហ៊ុនសម្រាប់ការសិក្សា-ត្រួតពិនិត្យ (MPWT-CS1A) និងក្រុមហ៊ុនសាងសង់បណ្តាញលូខ្នែង ខ្នែងរង (MPWT-CW1A)។ ឯកឧត្ដមសង្ឃឹមថា នៅដើមខែមីនា ឆ្នាំ២០២២ខាងមុខ ដែលក្រសួងនឹងចាប់ផ្ដើមអនុវត្តន៍គម្រោងសាងសង់បណ្តាញលូតភ្ជាប់ចេញពីលំនៅឋាន ហាងអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ អាជីវករនៅក្រុងសៀមរាប ខេត្តសៀមរាប៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMklSQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--9b2fe0101d6688a16d16da9b254e1c5214023e2c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-12-31_10-19-41.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMk1SQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--7096e02bcfcce8ce534b7a03d48f7b5222b9dec1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-12-31_10-19-45.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMlFSQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e4295e71f31c53b174d909b450043c4815b0dcb6/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-12-31_10-19-34.jpg)
No comments:
Post a Comment