ខេត្តត្បូងឃ្មុំ ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា បនល្បែងតាមជាយដែនខ្មែរ វៀតណាម ទីដែលមានការជួបជុំគ្នាច្រើនបានកើតឡើងវិញយ៉ាងព្រោងព្រាត ក្នុងនោះក៍មានកាស៊ីណូមួយឈ្មោះ “ចក្រវាឡជាយដែន” ផងដែរ ។
តាមប្រភពច្បាស់ការណ៍បានអោយដឹងថា កាស៊ីណូ ចក្រវាឡជាយដែន នេះមានបម្រើសេវាដូចជា បញ្ជល់មាន់ បៀ អាប៉ោង យូគី ជាដើម ដែលមានឈ្មោះ ហាន ជាមេអ្នកគ្រប់គ្រង ហើយអ្នក លេងមកពីគ្រប់ច្រកល្ហក មានការចាញ់ឈ្នះរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ ។
តាមច្បាប់ស្ដីពីកាស៊ីណូ បានហាមប្រាមដាច់ខាតមិនឲ្យពលរដ្ឋខ្មែរចូលលេងឡើយ ប៉ុន្ដែសម្រាប់កាស៊ីណូដែលមានទីតាំងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មួយនេះ គេឃើញសុទ្ធតែជនជាតិខ្មែរ ចូលលេង ។ មជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួនបានលើកជាសំណួរថា តើអាជ្ញាធរនិងសមត្ថកិច្ចជំនាញ ដឹងទេ ? ហើយបើដឹងតើគួមានវិធានការដែរទេ ?
សម្រាប់កាស៊ីណូមួយនេះត្រូវគេមើលឃើញថា មិនត្រឹមតែពុំបានស្វែងរកចំណូលចូលរដ្ឋតាមរយៈទេសចរណ៍បរទេសប៉ុណ្ណោះទេ ផ្ទុយទៅវិញគេបែរជាជាន់ឈ្លីច្បាប់ បង្កអសន្តិសុខ និងពង្វក់ល្បែងសុីសងចាញ់អស់ប្រាក់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ដែលទើបងើបពីកូវីដយ៉ាងខ្លោចផ្សារ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងទៀតថា តើអាជ្ញាធរនិងសមត្ថកិច្ច ដែលស៊ីប្រាក់ខែរាស្រ្ត គួរបន្តកិច្ចសហការល្អជាមួយបនល្បែងបំពានច្បាប់នេះតទៅទៀតឬយ៉ាង ណា ?
ពាក់ព័ន្ធនិងករណីនេះ ឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ គេហទំព័រ ដើមក្រសាំង បានសុំការបំភ្លឺតាមប្រព័ន្ធ តេឡេក្រាម ប៉ុន្តែលោកចូលមើលហើយ លោកពុំឆ្លើយតប ។
ចំណែកលោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាន នាយកដ្ឋាន ប្រឆាំង បទល្មើស ល្បែង ពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ យើងមិនអាចសុំការបកស្រាយបានទេដោយពុំមានលេខទូរស័ព្ទ ។
ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាតនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាជន សំណូមពរដល់ជំនាញថ្នាក់លើ ដូចជាខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការ នគរបាលនៃក្រសួងមហាផ្ទៃ ពិសេសនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ ដែលជាអ្នកមើលការខុសត្រូវ គួរមានវិធានការបង្ក្រាបចៀសវាងកន្ទេលធំបន្លំដេកបង្កអោយពលរដ្ឋខ្មែរវក់វង្វេងនឹងល្បែងស៊ីសង ក្លាយជាជនរងគ្រោះ បាត់បង់ទ្រព្យសម្បត្តិ ជម្លោះក្រុមគ្រួសារ និងបង្កើតអោយមានបទល្មើសក្នុងសង្គមផ្ទុយពីភូមិឃុំមានសុវត្ថិ ភាព ។
គួរបញ្ជាក់ថា កន្លងមក ករណីនេះ ជំនាញពាក់ព័ន្ធបានសាចទឹកដាក់គ្នា របៀបដោះសារក្នុងន័យគេចវេះមិនចាត់វិធានការបង្ក្រាប ហើយក៏ទទួលបានការចោទប្រកាន់ពីប្រជាពលរដ្ឋថា ចិញ្ចឹមបទល្មើសតាមរយៈរត់ការបិទមាត់មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ។ ដូច្នេះទើបបើកលេងបានដោយសេរីបែបនេះ ៕
No comments:
Post a Comment