រដ្ឋាភិបាលចក្រភពអង់គ្លេស បានសម្រេចបង្កកទ្រព្យសម្បតិ្តទាំងស្រុងរបស់មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ជាផ្លូវការហើយ រួមទាំងក្លិបតោខៀវ Chelsea របស់លោក ក៏មិនអាចលក់ចេញបានផងដែរ។
មហាសេដ្ឋីវ័យ ៥៥ឆឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថា ជាបុគ្គលជិតស្និទ្ធបំផុតជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាដើមចមនៃការបង្កកទ្រព្យសម្បតិ្តទាំងអស់នេះ រួមទាំងក្លិបបាល់ទាត់តោខៀវ Chelsea។
យោងតាមលោកស្រី Nadine Dorries អគ្គលេខាធិការវប្បធម៌អង់គ្លេស បានថ្លែងថា "ការសម្រេចនេះ គឺធ្វើឡើងដើម្បីការពារផលប្រយោជន៍ក្លិប Chelsea។ ព្រោះថា ក្លិបបាល់ទាត់ ជាសម្បតិ្តវប្បធម៌ និងជាមូលដ្ឋាននៃសហគមន៍របស់ពួកយើង ដែលយើងចាំបាច់ត្រូវតែថែរក្សា ហើយរដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើ ដើម្បីឲ្យ League និងក្លិបនៅតែអាចប្រកួតបានដដែលនៅអំឡុងដាក់ទណ្ឌកម្មនេះ"។
គួរជម្រាបថា ទណ្ឌកម្មនេះ Chelsea មិនអាចធ្វើបាន៖
-ធ្វើកុងត្រាថ្មីជាមួយកីឡាករ ទិញកីឡាករថ្មី ធ្វើកុងត្រាថ្មីជាមួយដៃគូរនានា
-មិនអាចលក់សំបុត្រចូលទស្សនាប្រកួតបានទៀតនោះទេចាប់ពីថ្ងៃនេះ
-ហាងលក់ទំនិញ និងសម្ភារៈផ្សេងរបស់ក្លឹបនេះក៏មិនអាចបើកដំណើរបានទៀតនោះដែរ
-មិនអាចលក់ក្លឹបនេះបានទេ (លក់បានក្នុងករណី Abramovich ឲ្យ រដ្ឋាភិបាលអង់គ្លេសជាអ្នកចាត់ចែង ហើយលោកនឹងមិនទទួលប្រាក់ពីការលក់នេះនោះទេ)។
គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីទៅអ៊ុយក្រែន កាលពីថ្ងៃទី 24 ខែកុម្ភៈកន្លងមកនេះ បានធ្វើអោយប្រទេសលោកខាងលិចមានការខឹងសម្បារ និងថ្កោលទោសយ៉ាងខ្លាំង ដោយទណ្ឌកម្មជាច្រើនត្រូវបានអនុវត្ត ក្នុងនោះក៏មានការបង្កកទ្រព្យសម្បត្តិ របស់ជនជាតិរុស្ស៊ីជាច្រើននាក់ផងដែរ៕
No comments:
Post a Comment