រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយគណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ និងគណៈកម្មការជាតិអូឡាំពិកកម្ពុជា រៀបចំពិធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណ រដ្ឋប្រជាមានិតចិន ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែក តាសេក ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូននិងរក្សា បាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្ត ដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទហាមធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង ០៤:០០នាទីទៀបភ្លឺរហូតដល់ម៉ោង ១៩:០០នាទី។ ចំពោះរថយន្តធុនធំ រថយន្តដឹកទំនិញ និងរថយន្តទេសចរណ៍ ដែលធ្វើចរាចរតាមផ្លូវជាតិលេខ៥ត្រូវឆ្លងទៅផ្លូវជាតិលេខ៦ និងពីផ្លូវជាតិលេខ៦ ឆ្លងមកផ្លូវជាតិលេខ៥ ត្រូវពង្វាងចរាចរឆ្លងកាត់តាមស្ពានព្រែកក្តាមវិញ៕
ដោយ លោក ចន ណារិទ្ធ





No comments:
Post a Comment