ខេត្តរតនគិរី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១
នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកលំផាត់។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក-លោកស្រី មន្ត្រីរាជការសាលាស្រុក លោកមេឃុំទាំង០៦ ក្នុងស្រុកលំផាត់ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត បានផ្តាំផ្ញើរដល់ កញ្ញា ម៉ែន រស្មី ដែលបានប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកលំផាត់ នាថ្ងៃនេះ ត្រូវអនុវត្ត និងគោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន ខិតខំបំពេញការងារតាមតួនាទីភារកិច្ចឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញ និងអ្នកពាក់ព័ន្ធនានា ដើម្បីជម្រុញការអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរីកចំរើន។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើរ និងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកលំផាត់ ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានា និងត្រូវខិតខំបំពេញភារកិច្ចតាមជំនាញ ក្នុងវិស័យរបស់ខ្លួនសំដៅធ្វើយ៉ាងណាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា មានតម្លាភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះមន្ត្រីទាំងអស់ ត្រូវមានការសាមគ្គីភាពគ្នាដែលជាកត្តានាំមកនូវភាពជោគជ័យក្នុងអង្គភាព។ ស្របពេលនៃការវិវត្តន៍នៃបច្ចេកវិទ្យា មន្ត្រីរាជការទាំងអស់ ក៏ត្រូវស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីជាប្រយោជន៍ និងជំរុញពន្លឿនដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់អង្គភាពខ្លួនឱ្យមានការរីកចម្រើនទៅមុខ។
ឯកឧត្តម អភិបាលរងខេត្ត ក៏បានកោតសរសើរ ដល់រដ្ឋបាលស្រុកលំផាត់ ដែលកន្លងមកបានខិតខំទប់ស្កាត់នៃការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបានឆ្លងចូលសហគមន៍ ទោះជាយ៉ាងណាក៏យើងអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ដោយសារតែយើងគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា នៃក្រសួងសុខាភិបាល ក៏ដូចជាគោលការណ៍របស់រដ្ឋបាលខេត្តរតនគិរី និងត្រូវបន្តពង្រឹងអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ព្រមទាំងសហការគ្នា រួមសាមគ្គីគ្នា ដើម្បីអភិវឌ្ឍមូលដ្ឋានក្នុងស្រុកលំផាត់ ឲ្យមានការរីកចម្រើនទ្វេឡើងបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីប្រកាស លេខ ២០៩៤ប្រក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការតែងតាំង កញ្ញា ម៉ែន រស្មី ឋានន្ដរស័ក្ដិនាយក្រមការថ្នាក់លេខ៦ ឱ្យទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកលំផាត់ និងសេចក្ដីប្រកាសលេខ ១៩៣៥ប្រក របស់ក្រសួងមហាផ្ទៃស្ដីពី ការតែងតាំងលោក ស៊ូ ផល្លី ឋានន្ដរស័ក្ដិនាយក្រមការ ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលស្រុកលំផាត់ខេត្តរតនគិរី សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។





ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី
No comments:
Post a Comment