ខេត្តកំពង់ធំ_កំពង់ចាម ៖ នៅរសៀលថ្ងៃអាទិត្យទី៦ ខែមីនា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្រ្តីក្រោមឱវាទរួមទាំងសហការី បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការកសាងរូបសំណាក "ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ" ដែលកសាងឡើងអំពីថ្មភក់ មានទំងន់ប្រមាណជាង ៣០តោន ដោយមិនរាប់បញ្ចូលទំងន់បាឡាំង នៅភ្នំសន្ទុក ខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះរូបសំណាកជាប្រវត្តិសាស្ត្រខាងលើ សម្រេចការកសាងបានប្រមាណជាង៧០ ភាគរយ ហើយរដ្ឋបាលខេត្ត គ្រោងនឹងយកមកតំកល់នៅលើទឹកដីដ៏វិសិដ្ឋនាសួនច្បារមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម នាឆាប់ៗខាងមុខ។
តាមប្រសាសន៍លើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អំពីប្រវត្តិនៃ បដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) រចនាបថបាពួន (២) រចនាបថអង្គរ និង(៣) រចនាបថបាយ័ន ។
ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ "សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ"សន្តិភាព" គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌ ៕
No comments:
Post a Comment